សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Breaking

Tuesday, October 14, 2025

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ យើងគ្មានបំណងចង់យកអ្វី ដែលមិនមែនជារបស់យើងទេ ហើយយើងក៏នឹងមិនទទួលយកការបាត់បង់នូវអ្វី ដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះដែរ


ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្នុងកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ថា «កម្ពុជាបានប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី អនុលោមយ៉ាងពេញលេញតាមច្បាប់ អន្តរជាតិ។ យើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ។ អ្វីដែលយើងស្វែងរកគឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និង ផ្អែកលើច្បាប់ ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង។»

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ក្នុងនាមជាប្រទេស ដែលមានស្លាកស្នាមបង្កដោយជម្លោះជាច្រើនទសវត្សរ៍ ឬអាចថារាប់សតវត្ស ប្រទេសកម្ពុជាដឹងយ៉ាងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាម។ «ការណ៍នេះបង្ហាញ យ៉ាងច្បាស់ថាហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃ បំផុតរបស់យើង …»។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការងារអាទិភាពសំខាន់ៗមួយចំនួន ដែលភាគីទាំងពីរបានឯកភាពនាពេលថ្មីៗនេះ ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹង កសាងទំនុក ចិត្តឡើងវិញ ពង្រឹងកិច្ចសហប្រតិបត្តិការ រួមមាន ការដកទៅវិញនូវអាវុធធុនធ្ងន់ ការដោះ មីនមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងការតាំងទីលំនៅរបស់ជនស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិតជាដើម ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីផងដែរ ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយ ប្រទេសថៃក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ក្នុងការបំពេញនូវការទទួលខុសត្រូវរួមដើម្បី ស្តារប្រក្រតីភាព សន្តិភាព ស្ថិរភាព និងវិបុលភាពរវាងប្រទេស និងប្រជាជនទាំងពីរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages