សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Breaking

Tuesday, October 21, 2025

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរានហានខាងមុខប្រាសាទបន្ទាយសំរ៉ែ ជ្រុងខាងលិចឆៀងខាងត្បូង

(សៀមរាប​)៖ ចាប់តាំងពីដើមឆ្នាំ២០២៥មក ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានជួសជុលរានហានខាងមុខប្រាសាទបន្ទាយសំរ៉ែ នៅជ្រុងខាងលិចឆៀងខាងត្បូង ដើម្បីពង្រឹងរចនាសម្ពន្ធនៃរានហាននេះឱ្យរឹងមាំឡើងវិញ។

លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា បានឱ្យដឹងថា រានហានខាងមុខប្រាសាទបន្ទាយសំរ៉ែ ជ្រុងខាងលិចឆៀងខាងត្បូងនេះ បានរងការខូចខាតធ្ងន់ធ្ងរ ដោយថ្មបាយក្រៀមផ្នែកខាងក្រោមបានពុកផុយខ្លាំង សសរខ្លះពុកផុយ និងក្រៀកខុសពីទីតាំងដើម ធ្វើឱ្យរចនាសម្ពន្ធមិនរឹងមាំ។

ហេតុដូច្នេះ អ្នកជំនាញចាំបាច់ត្រូវពង្រឹងគ្រឹះ និងរចនាសម្ពន្ធឱ្យរឹងមាំឡើងវិញ ដោយកាយយកល្បាយដីស្អុយ និងថ្មដែលខូចខាតចេញ ដើម្បីបន្ថែមថ្មថ្មីខ្លះៗ បន្ទាប់មក គឺបិតបាយអរនៅតាមកម្រាល និងព្យាបាលកន្លែងដែលមានប្រហោងឬស្នាមប្រេះ ដើម្បីការពារកុំឱ្យទឹកជ្រាបចូលបន្តទៀត។

អ្នកជំនាញបន្ថែមថា តាមផែនការគម្រោងជួសជុលអភិរក្សរានហានខាងមុខ ជ្រុងខាងលិចឆៀងខាងត្បូងនៃប្រាសាទបន្ទាយសំរ៉ែនេះ ចំណាយពេលវេលាចំនួន១ឆ្នាំ ប៉ុន្តែដោយរដូវវស្សាឆ្នាំនេះ មានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យដំណើរការជួសជុលមានភាពយឺតយ៉ាវ។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញកំពុងពន្លឿនការងារនេះ ដោយសង្ឈឹមថា អាចរួចរាល់តាមផែនការគ្រោងទុក ឬយឺតជាងនេះបន្តិច។

លោក ឡុង ណារី បានបញ្ជាក់បន្ថែមថា គម្រោងជួសជុលនេះ អនុវត្តតែចំពោះតួនៃរានហានប៉ុណ្ណោះ ចំណែកបង្កាន់ដៃនាគនៅផ្នែកខាងលើ ជាគម្រោងអនុវត្តនៅឆ្នាំបន្ទាប់។

សូមបញ្ជាក់ថា រានហានខាងមុខប្រាសាទបន្ទាយសំរ៉ែ ជ្រុងខាងលិចឆៀងខាងត្បូងនេះ ជួសជុលដោយក្រុមនិស្សិតជាសិក្ខាម ដែលទទួលបានការបណ្តុះបណ្តាល រយៈពេល២ឆ្នាំកន្លះមក ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នGIZ របស់អាល្លឺម៉ង់៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages