សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Breaking

Saturday, November 29, 2025

អាជ្ញាធរជាតិអប្សរា កំពុងពង្រីកផែនការទេសចរថ្មីៗ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវ ដែលមកលេងតំបន់អង្គរ

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា កំពុងអនុវត្តន៍គម្រោងការងារទេសចរណ៍ថ្មីៗ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវ ដែលមកលេងតំបន់អង្គរឱ្យបានយូរ។

មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា មានគម្រោងទេសចរណ៍ថ្មីៗបន្ថែមទៀតជាបន្តបន្ទាប់ ដើម្បីទាក់ទាញ និងពន្យារពេលរបស់ភ្ញៀវ ដែលមកទស្សនាឱ្យស្នាក់នៅតំបន់អង្គរបានយូរ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា អាជ្ញាធរជាតិអប្សរា កំពុងតែអនុវត្តន៍ផែនការមេ ដែលស្របនឹងយុទ្ធសាស្ត្រ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យបានសម្រេចទៅតាមទិសដៅ។

លោកថា ដើម្បីសម្រេចឱ្យបានទៅតាមផែនការ និងទិសដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ព្រមទាំងទាក់ទាញភ្ញៀវទេសចរ ដែលមកលេងតំបន់អង្គរ ឱ្យបន្តការស្នាក់នៅបានយូរ គឺអាជ្ញាធរជាតិអប្សរា កំពុងសិក្សាផលិតផលទេសចរណ៍ថ្មី ទៅលើផ្លូវជិះកង់បន្ថែមពីលើផ្លូវកង់ដែលមានស្រាប់។

ការសិក្សាផ្លូវជិះកង់ថ្មីបន្ថែមទៀតនេះ ប្រយោជន៍ដើម្បីឱ្យភ្ញៀវទេសចរ អាចមានជម្រើសកាន់តែច្រើន ក្នុងការជិះកង់ទៅទស្សនាតំបន់ឆ្ងាយៗ ដូចជា ទៅប្រាសាទភ្នំបូក ប្រាសាទលាក់នាង ព្រមទាំងអាចភ្ជាប់ដំណើរកម្សាន្តនេះទៅនឹងជីវភាពរបស់ពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែនផងដែរ។

បន្ថែមលើនេះ អាជ្ញាធរជាតិអប្សរា ក៏កំពុងរៀបចំវង់ទស្សនាថ្មីៗបន្ថែមទៀត ដូចជានៅភ្នំបូករៀបចំឱ្យមានផ្លូវជិះកង់ទៅលេងប្រាសាទទ ប្រាសាទត្រពាំងចំបក់ជាដើម។ គម្រោងនេះ កំពុងតែដាក់ឱ្យដំណើរការ។

លោក សេង សុធារ៉ា បញ្ជាក់ទៀតថា ក្នុងគម្រោងពង្រីកវង់ទេសចរណ៍ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏កំពុងតែរៀបចំសម្រួលកន្លែងលក់ដូរសម្រាប់ភ្ញៀវទេសចរឱ្យមានរបៀបរៀបរយ ព្រមទាំងពង្រឹងហេដ្ឋារចនាសម្ពន្ធទេសចរណ៍នៅក្នុងប្រាសាទដូចជា ដាក់ស្លាកសញ្ញាប្រាប់ទិស និងព័ត៌មានបន្ថែមផ្សេងៗ ដើម្បីឱ្យអ្នកទេសចរដែលទៅទស្សនាប្រាសាទបានយល់ច្បាស់ បើទោះបីជាមិនមានមគ្គុទ្ទេសក៍ទេសចរណ៍នាំផ្លូវ ក៏គាត់អាចយល់ដឹងនិងស្វែងយល់ពីរឿងរ៉ាវថ្មីៗបានដោយខ្លួនឯង៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages